ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អតីតយុទ្ធជន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន ៤៩២នាក់។ ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជូនដល់អាជ្ញាធរមូលដ្ឋាន និវត្តជន និងអតីតយុទ្ធជន ដោយគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជាតិ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការ និវត្តជន និងអតីតយុទ្ធជនជានិច្ច។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចុះជួបសំណេះសំណាលនេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន ដោយជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តលើកកម្ពស់ការបំពេញភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បន្តសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយផ្តោតលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់សួរសុខទុក្ខ និងជួយឧបត្ថម្ភគាំទ្រនិវត្តជន និងអតីតយុទ្ធជនដែលជួបការលំបាក ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្រុក ក៏ដូចជាក្រុមការងារទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំង និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ នៅខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានឧបត្ថម្ភថវិកាជូនសាលាស្រុក ១ លានរៀល ប្រជាការពារ ១ លានរៀល អាជ្ញាធរមូលដ្ឋាន និវត្តជន និងអតីតយុទ្ធជន ចំនួន ៤៩២នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការលះបង់ និងការចូលរួមបម្រើជាតិ និងប្រជាជននាពេលកន្លងមក៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
វីដែអូ
ចំនួនអ្នកទស្សនា