កំពង់ធំ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ស្ថិតក្នុងឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការចូលរួមយ៉ាងសកម្មពីប្រជាសហគមន៍ និងកិច្ចសហការជិតស្និទ្ធរវាងមន្ទីរបរិស្ថានខេត្តកំពង់ធំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងដៃគូគាំទ្រនានា ក្នុងការការពារ អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី មានផ្ទៃដីសរុប ១,៨០៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ។ តំបន់នេះជាជម្រកដ៏សំខាន់សម្រាប់ជីវចម្រុះ ព្រៃឈើ និងធនធានធម្មជាតិ ដែលមានតម្លៃខ្ពស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។តាមរយៈការរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យមានប្រសិទ្ធភាព ការចុះល្បាតជាប្រចាំ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការផ្សព្វផ្សាយច្បាប់ និងការអប់រំបរិស្ថានដល់ប្រជាពលរដ្ឋ បានធ្វើឱ្យការគ្រប់គ្រងតំបន់ការពារមានភាពប្រសើរឡើង និងបង្កើនការយល់ដឹងរបស់សហគមន៍ក្នុងការថែរក្សាធនធានធម្មជាតិជាទ្រព្យសម្បត្តិរួម។ លោក ថុក សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី បានឱ្យដឹងថា ប្រជាសហគមន៍បានចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ តាមរយៈការចុះល្បាតជាប្រចាំ និងសហការជាមួយមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានងដែរ។ ស្របពេលនោះដែរលោក លី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា ការសហការរវាងមន្ត្រីឧទ្យានុរក្ស កម្លាំងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន បានរួមចំណែកពង្រឹងការងារចុះល្បាត និងការពារធនធានធម្មជាតិ ជាហេតុធ្វើឱ្យបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់សហគមន៍ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ បានតាមការអោយដឹងពីលោក អេង សុវណ្ណ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាននៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ហើយបច្ចុប្បន្នវឌ្ឍនភាពរបស់សហគមន៍បានកើតចេញពីការចូលរួម និងកិច្ចសហការរវាងប្រជាសហគមន៍ មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន។ លោកបានបន្ថែមថា សហគមន៍ក៏ទទួលបានការគាំទ្រពីគម្រោង អង្គការCI និងអង្គការផ្សេងទៀត ដែលជាដៃគូគាំទ្រយ៉ាងសំខាន់ ដើម្បីជួយដល់ការចុះល្បាត ការការពារធនធានធម្មជាតិ និងការបង្កើតមុខរបរ ការសន្សំ បង្កើនប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍ចំណាយលើការចុះល្បាតបន្ថែមទៀត។លោកបានបន្តថា លទ្ធផលដែលសម្រេចបាននាពេលកន្លងមក គឺកើតចេញពីស្មារតីសាមគ្គីភាព ការចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវរួមរបស់សមាជិកសហគមន៍ ព្រមទាំងការគាំទ្រពីមន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យការងារអភិរក្សធនធានធម្មជាតិទទួលបានលទ្ធផលជាវិជ្ជមាន។ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានចាត់ទុកថា វឌ្ឍនភាពរបស់សហគមន៍ គឺជាលទ្ធផលល្អនៃកិច្ចសហការរួម និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋ ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន។ លោកក៏បានអំពាវនាវឱ្យមានការចូលរួមបន្តពីគ្រប់ភាគី ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ដែលមានសារៈសំខាន់ចំពោះជីវភាពប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថា ទិសដៅបន្តរបស់មន្ទីរបរិស្ថាន គឺពង្រឹងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការពង្រឹងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ដោយ ការរៀបចំបោះបង្គោលព្រំប្រទល់សហគមន៍ ការរៀបចំកិច្ចព្រមព្រៀងរវាងសហគមន៍ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីសម្រាប់ការប្រើប្រាស់ និងការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។ ប្រជាសហគមន៍បានប្តេជ្ញាបន្តចូលរួមថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ ដើម្បីធានាឱ្យតំបន់ការពារធម្មជាតិក្បាលដូនក្រីនៅតែមានភាពសម្បូរបែប សម្រាប់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងជាប្រភពធនធានសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។ ការការពារធនធានធម្មជាតិ មិនមែនជាតួនាទីរបស់ស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមរបស់សហគមន៍ គឺជាកម្លាំងដ៏សំខាន់ក្នុងការអភិរក្សព្រៃឈើ និងបរិស្ថានឱ្យគង់វង្សសម្រាប់អនាគត។ដូចសុភាសិត លើកឡើងថា÷«សាមគ្គីក្នុងសហគមន៍ នាំឱ្យធនធានធម្មជាតិគង់វង្ស»៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា