ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ
Sun,21 June 2026 (Time 09:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

​កំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញសកម្មភាពចាក់ដីលុបបឹងធម្មជាតិនៅក្នុងមូលដ្ឋាន ដែលសកម្មភាពនេះកំពុងតែបន្តកើតមាន និងអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើនដល់ការរស់នៅប្រចាំថ្ងៃ និងបរិស្ថានជុំវិញ។

​តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា បឹងធម្មជាតិនេះគឺជាប្រភពទឹក និងជាកន្លែងអាស្រ័យផលដ៏សំខាន់មួយសម្រាប់សហគមន៍។ ការចាក់ដីលុបនេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ផ្ទៃទឹកសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងគំរាមកំហែងដល់ជីវភាពរបស់ពួកគាត់ផងដែរ។

​ការចាក់ដីលុបបឹងធម្មជាតិ អាចបង្កផលវិបាកដល់ពលរដ្ឋក្នុងតំបន់ដូចជា៖
​បញ្ហាទឹកជំនន់ និងការលិចលង់៖ នៅពេលរដូវវស្សាមកដល់ បឹងគឺជាអាងស្តុកទឹកធម្មជាតិ។ នៅពេលបឹងត្រូវគេលុប ទឹកគ្មានកន្លែងហូរចាក់ ដែលអាចបណ្តាលឱ្យហៀរលិចផ្ទះសម្បែង ផ្លូវថ្នល់ និងភូមិកររបស់ប្រជាពលរដ្ឋ។​
បាត់បង់ប្រភពទឹកប្រើប្រាស់ និងកសិកម្ម៖ ពលរដ្ឋខ្លះពឹងផ្អែកលើទឹកបឹងសម្រាប់ស្រោចស្រពដំណាំ ដាំដុះ ឬឱ្យសត្វពាហនៈផឹក។ ការលុបបឹងធ្វើឱ្យខ្វះខាតទឹក ជាពិសេសនៅរដូវប្រាំង។​

ប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងសហគមន៍៖ បឹង ត្រពាំង អូរ គឺជាកន្លែងដែលពលរដ្ឋរកបេះបន្លែបង្ការ និងនេសាទត្រីលក្ខណៈគ្រួសារដើម្បីជីវភាព។ បើបាត់បង់បឹង ពួកគាត់ត្រូវចំណាយលុយទិញអាហារកាន់តែច្រើន។

​ការប្រែប្រួលប្រព័ន្ធអេកូឡូស៊ី៖ ការបាត់បង់ទីជម្រកសត្វទឹក មច្ឆជាតិ និងរុក្ខជាតិក្នុងទឹក ដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាពធម្មជាតិក្នុងមូលដ្ឋាន។


​យោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១ នៃព្រះរាជាណាចក្រកម្ពុជា (ជាពិសេសមាត្រា ១៥) រាល់ដីធ្លីដែលជាទ្រព្យសម្បត្តិសាធារណៈ រួមមាន៖

ត្រពាំង អូរ ស្ទឹង ទន្លេ (ប្រភពទឹកធម្មជាតិ) ​ភ្នំ ឬដីភ្នំ (ដែលជាដីព្រៃឈើ ឬតំបន់ការពារ)​ទាំងនេះត្រូវបានចាត់ទុកជា «ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ» (State Public Property)។ មិនអាចលក់ដូរ ដូរ ឬធ្វើប្រគល់កម្មសិទ្ធិឱ្យទៅបុគ្គលឯកជនណាម្នាក់បានឡើយ ដរាបណាវានៅតែមានសារប្រយោជន៍សាធារណៈ។

ការចាក់ដីលុបដោយគ្មានការអនុញ្ញាត៖ ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ (ការរំលោភបំពានលើដីរដ្ឋ) ដែលត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល (តម្រូវឱ្យកាយដីចេញវិញ និងស្តារដូចដើម) ឬទោសទណ្ឌតាមច្បាប់ស្តីពីភូមិបាល និងច្បាប់បរិស្ថាន។

បើតាមការបញ្ជាក់របស់លោក សូរ សុវណ្ណ មេឃុំទំរីងបានបញ្ជាក់ដែរថា÷ ដីដែលមានកម្មសិទ្ធិស្របច្បាប់នៅទីតាំងនោះ មានទំហំក្បាលដីប្រមាណពី ៨ ទៅ ១០ម៉ែត្រប៉ុណ្ណោះហើយ ចំណែកផ្ទៃដីដែលលើសពីនេះ និងកំពុងត្រូវបានចាក់នេះ គឺជាចំណីប្រឡាយសម្រាប់រំដោះទឹក។ហើយលោកបានហាមឃាត់ និងណែនាំជាច្រើនដងរួចមកហើយ មិនឱ្យចាក់ដីរំលោភលើចំណីប្រឡាយទេ ប៉ុន្តែពួកគាត់នៅតែបន្តធ្វើសកម្មភាពដដែល។

លោក ប៉េង ហៃ ប្រធានការិយាល័យភូមិបាល ស្រុកសណ្តាន់ បានបញ្ជាក់ថា÷ តាមការពិនិត្យរបស់មន្ត្រីជំនាញ ចំណុចដីដែលកំពុងមានវិវាទនោះ ពុំមានការចុះបញ្ជី ឬចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការនោះទេ។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ បានបញ្ជាក់ថា÷ រដ្ឋបាលស្រុកនឹងស្នើសុំគោលការណ៍ពីថ្នាក់ខេត្ត ដើម្បីអនុវត្តវិធានការកាយយកដី ដែលចាក់រំលោភលើចំណីប្រឡាយចេញវិញ។លោកបានបន្តអោយដឹងថា ប្រសិនបើភាគីពាក់ព័ន្ធមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ នឹងមានចំណាត់ការបន្ត ដើម្បីស្តារប្រឡាយរំដោះទឹកឱ្យត្រឡប់ទៅសភាពដើមវិញ ស្របតាមនីតិវិធីច្បាប់។

បើតាមភាគីម្ចាស់ដីបានអះអាងថា÷ មានប្លង់កម្មសិទ្ធិ
មិនតែប៉ុណ្ណោះបុគ្គលរូបនេះ បានអះអាងថា ដីដែលកំពុងចាក់នោះ ជាកម្មសិទ្ធិរបស់ខ្លួនថែមទៀតផង។ទោះជាយ៉ាងណាក្តី នៅពេលស្នើសុំពិនិត្យឯកសារកម្មសិទ្ធិដើម ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន លោកមិនបានបង្ហាញលិខិតផ្លូវការឡើយ ដោយគ្រាន់តែបង្ហាញរូបភាពឯកសារមួយសន្លឹកក្នុងទូរស័ព្ទដៃតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋ និងអ្នកតាមដានសង្គម រួមនិងមហាជនកំពុងរង់ចាំមើលថា តើស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តច្បាប់ដោយស្មើរភាព និងតម្លាភាពដែរឬទេ ចំពោះករណីខាងលើនេះ?។

សុំបញ្ជាក់ដែរថា÷ ទាក់ទិននិងរឿងរាវខាងលើនេះ អង្គភាពរបស់យើងខ្ញុំនិងរង់ចាំការស្រាយបំភ្លឺ គ្រប់សាមីអង្គ រៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ទុយ សុធារិទិ្ធ៖លើកឡើងថា សមាជិក សមាជិកាទាំងអស់ត្រូវមានឆន្ទះនិងគោរពទៅតាមគោលការណ៍របស់បក្ស ()

ព័ត៌មានគួរចាប់អារម្មណ៍

វិទ្យាល័យស្ទឹងសែន រៀបចំទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក និងសំណល់សូន្យ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំដើម្បីរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
348 នាក់
សប្តាហ៍នេះ :
3674 នាក់
ខែនេះ :
12765 នាក់
3 ខែនេះ :
40725 នាក់
សរុប :
823231 នាក់