រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចបន្ទាន់មួយ ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តនេះ ពាក់ព័ន្ធករណីការដោះលែងជនជាតិចិន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជានៅក្នុងខេត្តស្ទឹងត្រែង!រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៦ មិថុនា នេះ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដែលមានសមាសភាព ១២នាក់ ដូចជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក កង សុខន ជាប្រធាន និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ជាអនុប្រធាន រួមទាំងអនុប្រធាន ២រូបផ្សេងទៀត និងសមាជិក ៨នាក់ទៀតផងដែរ។បើតាមសេចក្តីរាយការណ៏ព័ត៏មានបានឲ្យដឹងថា លោក ស សុខា បញ្ជាក់ក្នុងសេចក្តីសម្រេចនេះថា គណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចដូចជា ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិន ចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល កាលពីពេលកន្លងទៅ។ប្រភពដដែលអះអាងថា គណៈកម្មការចំពោះកិច្ចនេះត្រូវដឹកនាំសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីអំពីការចេញដីកាបង្គាប់ឱ្យមានការដោះលែងដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ។លោកបន្តថា គណៈកម្មការចំពោះកិច្ចនេះត្រូវស្រាវជ្រាវលើករណីពន្ធនាគារខេត្តស្ទឹងត្រែង ក្នុងការចេញលិខិតដោះលែងដោយមិនបានធ្វើលិខិតប្រគល់ ឬទទួលជនជាតិចិន ឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្ដេញចេញពីកម្ពុជាថែមទៀត។អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្ដីចុះផ្សាយថា មូលហេតុនៃការបង្កើតគណៈកម្មការចំពោះកិច្ចនេះ គឺដោយសារមើលឃើញពីភាពមិនប្រក្រតីក្នុងការអនុវត្តនីតិវិធីដោះលែងជនជាតិចិន ទាំង ៨នាក់ ដែលឆ្លងដែនចូលទឹកដីកម្ពុជាដោយខុសច្បាប់ និងដើម្បីធ្វើឱ្យប្រាកដប្រជាថា តើរឿងនេះវាមានការវិវឌ្ឍបែបណា ហើយជនជាតិចិននោះមានពាក់ព័ន្ធអ្វីខ្លះ។ចំពោះលទ្ធផលក្នុងការស៊ើបអង្កេតស្រាវជ្រាវនេះ ក្រសួងមហាផ្ទៃមិនអាចបង្ហាញជាសាធារណៈបានទេ ដើម្បីរក្សាភាពសម្ងាត់ កុំឱ្យប៉ះពាល់ដល់នីតិវិធីស៊ើបអង្កេត ប៉ុន្តែក្រោយស៊ើបអង្កេតប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយហើយ គណៈកម្មការចំពោះកិច្ចត្រូវធ្វើរបាយការណ៍ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេចលើវិធានការបន្ទាប់។ទាក់ទិននឹងបញ្ហានេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា ជនបរទេសភាគច្រើនបានសម្ងំលាក់ខ្លួននៅកម្ពុជាដោយគ្មានច្បាប់ជាបន្តបន្ទាប់ ដោយបន្លំខ្លួនជាអ្នកទេសចរដើម្បីមកធ្វើការនៅទីនេះ។ប្រភពដដែលបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងដែលឱ្យពួកគេចេះតែចេញចូលស្រេចតែនឹងចិត្តនោះទេ ដូច្នេះអ្នកទាំងនោះនឹងត្រូវរងនូវការផាកពិន័យដោយគ្មានករណីលើកលែងដាច់ខាត មុននឹងត្រូវបញ្ជូនចេញពីកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា