ភ្នាក់ងាររកទីផ្សារឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារកម្រៃជើងសាឬប្រាក់កុំមីស្យុងទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤
អតីតបុគ្គលិកផ្នែករកទីផ្សារឲ្យក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា ទាមទារឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា សងលុយកម្រៃជើងសា ឬប្រាក់កុំមីស្យុង (Commissions) ជិត ២ម៉ឺនដុល្លារអាមេរិក (១៨៦០០ដុល្លារ) ដែលក្រុមហ៊ុនបានជំពាក់រូបគេតាំងពីអំឡុងឆ្នាំ២០២១ មក។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហ៊ា អូន (Hea Oun) អះអាងថា ខ្លួនគឺជាអតីតបុគ្គលិកទីផ្សារក្រុមហ៊ុនអចលនទ្រព្យឧកញ៉ា ឡេង ណាវ៉ាត្រា និងរៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ កុម្ភៈ នេះថា ក្រុមហ៊ុនអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានជំពាក់លុយថ្លៃកម្រៃជើងសា ឬប្រាក់កុំមីស្យុង (Commissions) របស់លោកចំនួន ១៨៦០០ដុល្លារអាមេរិក ក្នុងនោះគឺជំពាក់ក្នុងគម្រោងដីឡូត៍នៅខេត្តសៀមរាប ៤៦០០ដុល្លារអាមេរិក ជំពាក់ក្នុងគម្រោងដីឡូត៍នៅព្រះប្រសប់ ២៦០០ដុល្លារអាមេរិក និងជំពាក់ក្នុងគម្រោងដីឡូត៍ស្រុកល្វាឯម ១១៤០០ដុល្លារអាមេរិក ថែមទៀត។
ប្រភពដដែលត្អូញត្អែរថា ខ្លួនក៏មិនចង់ទម្លាយរឿងនេះដែរ ប៉ុន្តែដោយសារខ្លួនឃើញឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសធ្វើកម្មវិធីមនុស្សធម៌ចែកលុយឱ្យអ្នកក្រីក្រ និងមានគម្រោងផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ព្រមទាំងប្រកាសផ្តល់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ ៣០ម៉ឺនរៀលថែមទៀតក្នុងរយៈពេលចុងក្រោយនេះ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើបន្ថែមថា ផ្ទុយទៅវិញ រូបលោកដែលជាបុគ្គលិកផ្នែករកទីផ្សារខំប្រឹងប្រែងរកអតិថិជនឱ្យទិញដីឡូត៍ក្នុងគម្រោងរបស់ឧកញ៉ារូបនេះ បែរជាមិនទទួលបានលុយពីញើសឈាមដែលខ្លួនបានខិតខំទៅវិញ ខណៈលុយទាំងនោះ គឺជាលុយដែលក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយខ្លួននៅពេលដែលលោកចាប់ផ្តើមចូលបម្រើការក្នុងនាមជាបុគ្គលិកឱ្យក្រុមហ៊ុននេះ មិនមែនជាលុយសប្បុរសធម៌ដែលក្រុមហ៊ុនសន្យាផ្តល់ឱ្យនោះទេ។
អតីតបុគ្គលិកទីផ្សាររូបនេះរៀបរាប់ថា រូបគេបានធ្វើការងារឱ្យក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានពេលសម្រាកទេ ទោះថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យក៏ដោយ គឺដើម្បីរកអតិថិជនឱ្យទិញដីឡូត៍ក្នុងក្រុមហ៊ុននេះឱ្យបានច្រើន ដើម្បីទទួលបានលុយថ្លៃកម្រៃជើងសា ឬប្រាក់កុំមីស្យុងឱ្យបានកាន់តែច្រើនដែរ ហើយអំឡុងពេលធ្វើការងារនោះ ខ្លួនបានខ្ចីលុយមិត្តភ័ក្ដិថែមទៀត ដោយសារតែក្រុមហ៊ុនមិនទាន់បានបើកលុយឱ្យ ក្នុងក្តីរំពឹងថា ពេលក្រុមហ៊ុនបើកលុយទាំងនេះ ខ្លួននឹងអាចសងម្ចាស់លុយគេវិញទាំងអស់។
ប្រភពដដែលបញ្ជាក់ថា ដោយសាររង់ចាំយូរពេក ខ្លួនក៏បានទាក់ទងទៅក្រុមហ៊ុនសុំបើកលុយនោះដែរ ប៉ុន្តែក្រុមហ៊ុនសន្យាថានឹងបើកឱ្យនៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២១ ប៉ុន្តែពេលចូលឆ្នាំខ្មែរ ក្រុមហ៊ុនបែរជាសន្យាថានឹងបើកលុយទាំងនោះនៅពេលបុណ្យភ្ជុំបិណ្ឌវិញ លុះពេលបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុននៅតែមិនបើកលុយទាំងនោះឱ្យទៀត ហើយបើគិតមកទល់នឹងពេលនេះ គឺមានរយៈពេល ៣ឆ្នាំហើយដែលលោកមិនទាន់ទទួលបានលុយនោះសូម្បី ១រៀលនៅឡើយទេរហូតដល់ពេលនេះ។
ការទម្លាយអាថ៌កំបាំងនេះ ធ្វើឡើងដើម្បីឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា សងលុយដែលក្រុមហ៊ុនបានជំពាក់ថ្លៃកម្រៃជើងសាជិត ២ម៉ឺនដុល្លារប្រមាណជា ៣ឆ្នាំកន្លងមកនេះ។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ បុគ្គលិកក្នុងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាច្រើននាក់ធ្លាប់ទម្លាយប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពួកគេបានចូលបម្រើការងារជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាង ៦ខែហើយ ហើយក្នុងរយៈពេល ៦ខែដែលពួកគេបានបម្រើការងារនោះ ពួកគេរកបានអតិថិជនឱ្យទិញដីឡូត៍ និងផ្ទះល្វែងក្នុងក្រុមហ៊ុនជាបន្តបន្ទាប់ដែរ។
ប្រភពដដែលបន្ថែមថា បើគិតពីកម្រៃជើងសា ក៏ពួកគេទទួលបានពីការរកអតិថិជនឱ្យទិញដីឡូត៍ក្នុងក្រុមហ៊ុននោះ ក៏បានច្រើនគួរសមដែរ ប៉ុន្តែក្រុមហ៊ុនមិនអើពើបើកលុយកម្រៃជើងសាទាំងនោះឱ្យពួកគេទេ ដូចជា គម្រោងព្រះប្រសប់ ជាដើម ដែលធ្វើឲ្យពួកគេគ្មានលុយទៅលេងស្រុកកំណើតក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាដើម។ ជាងនេះទៅទៀត ពួកគេក៏គ្មានលុយជូនឪពុកម្ដាយ និងបងប្អូនរបស់ពួកគេក្នុងរដូវបុណ្យចូលឆ្នាំថ្មីនោះថែមទៀត។
បុគ្គលិករបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាំងនេះបញ្ជាក់ថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា តែងយកលុយរាប់សែនដុល្លារទៅចំណាយក្នុងកម្មវិធីជប់លៀងបក្សពួកនិយមនៅភោជនីយដ្ឋានទន្លេបាសាក់២ ជាញឹកញាប់ ដែលពួកគេនាំគ្នាផឹកសុទ្ធតែស្រាមានតម្លៃរាប់រយដុល្លារក្នុងមួយដបៗ ហើយថែមទាំងមានកាដូជូនដល់សមាជិកចូលរួមក្នុងម្នាក់ៗមួយប្រអប់ ដែលគិតជាលុយប្រហែលរាប់សិបម៉ឺនដុល្លារឯណោះ ប៉ុន្តែក្រុមហ៊ុនបែរជាមិនបើកលុយកម្រៃជើងសាដែលជាញើសឈាមឱ្យពួកគេទៅវិញ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់អ្នកសារព័ត៌មាន ថា លោក ឡេង ណាវ៉ាត្រា គ្រាន់តែជាឧបករណ៍សម្រាប់គ្រួសារហ៊ុន ដែលផ្តល់ងារជាឧកញ៉ាឱ្យ ដើម្បីឱ្យឈរឈ្មោះជំនួសក្រុមគ្រួសារហ៊ុនក្នុងជំនួញរកស៊ីសាងសង់ផ្ទះលក់ក្នុងគោលបំណងបិទបាំងរូបភាពលាងលុយកខ្វក់ប៉ុណ្ណោះ។
លោក គឹម សុខ អះអាងថា គ្មានអ្នកណាអាចដើរវាស់យកដីបានច្រើនកន្លែង ហើយមួយកន្លែងៗមានទំហំរាប់រយហិកតារតាមទំនើងចិត្តនោះទេ ប្រសិនបើក្រុមគ្រួសារត្រកូលហ៊ុនមិនវាស់ឲ្យ ដើម្បីយកទៅបង្កើតរូបភាពជំនួញសាងសង់ផ្ទះល្វែងលក់បិទបាំងការលាងលុយកខ្វក់របស់ពួកគេនោះ។
ក្នុងរយៈពេលចុងក្រោយនេះ ទាំងបុគ្គលិកផ្នែកលក់ និងអតិថិជនទិញដី ទិញផ្ទះល្វែងពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា នាំគ្នាចេញមុខតវ៉ាទាមទារឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា សងលុយ និងសាងសង់ផ្ទះឱ្យពួកគេជាបន្តបន្ទាប់ ក្នុងនោះក៏មានអ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ដែលជាអ្នកសិល្បការិនីល្បីក្នុងស្រុកខ្មែរមួយរូបដែរ ដែលជាអតិថិជនរងគ្រោះពីការទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា សព្វថ្ងៃនេះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ៊ុន សែន បានលើកឡើងថា ការយឺតយ៉ាវក្នុងការផ្តល់ផ្ទះជូនអតិថិជនរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា គឺដោយសារតែក្រុមហ៊ុនរបស់ឧកញ៉ារូបនេះកប់ដើមទុនទៅលើដីច្រើនពេក។
ក្រោយពីការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ គេសង្ស័យថា លោក ហ៊ុន សែន គឺជាអ្នកគាំទ្រលើទង្វើរំលោភកិច្ចសន្យារបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយអតិថិជនកន្លងមក ហើយការអះអាងបែបនេះ ក៏បង្ហាញឱ្យឃើញដែរថា លោក ហ៊ុន សែន គឺជាអ្នកនៅពីក្រោយមុខជំនួញរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ថែមទៀត។
ករណីមួយផ្សេងទៀតដែលគេសង្ស័យថាលោក ហ៊ុន សែន នៅពីក្រោយមុខរបររបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែរនោះ គឺអំឡុងពេលដែលក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា កាប់បំផ្លាញព្រៃឈើភ្នំតាម៉ៅ និងមានការតវ៉ាទាមទារពីពលរដ្ឋឱ្យលោក ហ៊ុន សែន ផ្ដន្ទាទោសម្ចាស់ក្រុមហ៊ុននោះដាក់ពន្ធនាគារ ប៉ុន្តែលោក ហ៊ុន សែន ឆ្លើយថា បើចង់ចាប់ម្ចាស់ក្រុមហ៊ុននោះដាក់គុក គឺមានតែចាប់រូបលោកដាក់គុកតែម្តងទៅ ខណៈឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបន្តលក់ដី និងផ្ទះខ្យល់បានធម្មតារហូតដល់សព្វថ្ងៃនេះ៕